ស្រុកត្រាំកក់ ខេត្តតាកែវៈ កាលពីព្រឹកថ្ងៃទី១៣សីហាឆ្នាំ២០១៣ នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោមមានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាចំនួន៣៥រូប ចាប់ពីថ្ងៃទី១៣ ដល់១៤សីហា ឆ្នាំ២០១៣។

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺផ្ដល់ចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ ក្នុងនោះស្ដីពីគ្រោះថ្នាក់ដោយការធ្វើដំណើរតាមទោចក្រយាន្តយន្តដោយមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដល់អ្នកស្មគ្រ័ចិត្ត។

បន្ទាប់មក អ្នកស្មគ្រ័ចិត្តនឹងចុះអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនឱ្យបានយល់ដឹងពីបញ្ហាសុវត្ថិភាពចរាចរណ៍ និងឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដោយស្មារតីភ្ញាក់រឮកដែលជាការរួមចំណែកកាត់បន្ថយអាត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ថ្លែងក្នុងឱកាសបើកវគ្គ ឯកឧត្ដមឈិត សុខុនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដតាកែវ បានសម្ដែងនូវការកោតសរសើរជាខ្លាំងចំពោះការចូលរួមរបស់អ្នកស័្មគ្រចិត្តដែលលះបង់ពេលវេលាដ៏មមាញឹករបស់ខ្លួន ជាពិសេសក្នុងពេលដែលភ្លៀងធ្លាក់មានទឹកពេញស្រែដើម្បីមកជួយលើកស្ទួយផ្នែកសុវត្ថិភាពចរាចរណ៍ ដែលជាការងារមនុស្សធ៌មមួយ។

លោកមាស ចាន់ឌី មន្ត្រីអង្គការដៃគូសុវត្ថិភាពចរណ៍ផ្លូវគោកសកល បានសង្កត់ធ្ងន់ថា ការអប់រំប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមមូលដ្ឋានជាការសំខាន់និងពុំអាចមើលរំលងបាន ដោយហេតុថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានត្រូវមានការយល់ដឹងនិងការចូលរួមពីពួកគេជាចាំបាច់។ លោកឆឹង សុខា អាយុ៥២ឆ្នាំ ជាអ្នកស្ម័គ្រចិត្តមកពីភូមិដកវ៉ាន ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវបានថ្លែងដោយទឹកមុខរីករាយថា ខ្ញុំពុំដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលបែបនេះពីមុនមកទេ។ វគ្គនេះមានប្រយោជន៍ខ្លាំងព្រោះវាពាក់ព័ន្ធក្នុងជីវភាពប្រចាំថ្ងៃរបស់យើងគ្រប់ៗរូប។ ក្រៅពីទទួលបានការយល់ដឹង ខ្ញុំនឹងផ្សព្វផ្សាយដល់អ្នកភូមិខ្ញុំឲ្យបានយល់ដូចរូបខ្ញុំដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំដោយកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមខេត្តតាកែវ និងក្រោមជំនួយឧបត្ថម្ភដោយគម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស តាមរយៈអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល។ កាកបាទក្រហមកម្ពុជានឹងរៀបចំវគ្គបណ្ដុះបណ្ដាលដូចគ្នានេះ ចំនួន១៣ខេត្ដ ក្រុងដោយមានការចូលរួមបង្ហាត់បង្ហាញពីមន្ត្រីនគរបាលមូលដ្ឋានផងដែរ។