កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣

 នៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០១៣ លោក ពៅ ម៉ាលី អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិសុវត្ថិ​ភាពចរាចរណ៍​ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីផ្តល់អំណោយមូកសុវត្ថិភាពចំនួន ១ ២៤១មួក ដល់សិស្សានុ​សិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា គគីរ ដែលសហការរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួស អាស៊ី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិក្រុមហ៊ុន​ យូភីអេស (UPS)។ ចូលរួមក្នុងពិធីនេះរួមមាន លោកឧត្តមសេនីយ៍ទោ គីម​ យីដេត អនុប្រធាននាយកដ្ឋាន​កណ្តាលសណ្តាប់ធ្នាប់សាធារណៈ​នៃក្រសួងមហាផ្ទៃ លោក គឹម បញ្ញា នាយកអង្គការមូល​និធិបង្ការរបួស អាស៊ី​​ប្រចាំនៅកម្ពុជា លោក លី ជុងថេង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្តកណ្តាល ស្រុកកៀន​ស្វាយ ឃុំគគីរ ដៃគូពាក់​ព័ន្ធ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប​ប្រមាណជិត ១ ៤០០នាក់។

 នៅក្នុងឱកាសចូលរួមក្នុងពិធីនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការពាក់មួកសុវត្ថិភាពពិតជាចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត​ ទោះបីធ្វើដំណើរជិត ពេលជិះយឺត​ ឬជាកុមារក៏ដោយ។​ កុមារក៏ជាអ្នកប្រើប្រាស់ផ្លូវប្រឈមនឹងគ្រោះ​ថ្នាក់ចរាចរណ៍ខ្ពស់ដែរ។ លោកបន្ថែមទៀតថា ទន្ទឹម​នឹងការខិតខំអនុវត្តសកម្មភាពលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោ​ចក្រយានយន្តនៅកម្ពុជាដែលជាមនុស្សពេញវ័យជាច្រើនឆ្នាំ អង្គការមូល និធិបង្ការរបួស អាស៊ីបានអនុវត្តបន្ថែមនូវកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារនៅតាមសាលាបឋមសិក្សាមួយចំនួនដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ សំដៅរួមចំណែកកសាងទម្លាប់របស់កុមារអំពីការពាក់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងពង្រឹង​ និង​ពង្រីកចំណេះដឹង និងសមត្ថភាពរបស់កុមារទាំងឡាយឲ្យក្លាយជាអ្នកប្រើប្រាស់ផ្លូវកាន់តែមានសុវត្ថិភាពនាពេលអនាគត។

 ដោយស្ថិត​នៅជាប់ផ្លូវជាតិលេខ១ ហើយមានទោចក្រ​យានយន្ត រថយន្តធុនតូច រថយន្តដឹក​ ជញ្ជូនអ្នកដំណើរ និងរថយន្តដឹកទំនិញជា​ច្រើន ធ្វើដំណើរតាមដងផ្លូវនេះមិនចេះដាច់​ជាមួយ នឹងល្បឿនលឿន ធ្វើឲ្យ​ដង​ផ្លូវទៅសាលារៀន​របស់សិស្សានុសិស្សសាលាបឋមសិក្សា គគីរប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង។​ លោកស្រី ញ៉ែម លី នាយិកាសាលាបឋមសិក្សា គគីរ បានថ្លែងថា ចាប់តាំងពី​ឆ្នាំ២០០៩មក គ្រោះថា្នក់ចរាចរណ៍បានបណ្តាលឲ្យសិស្សា​នុ​សិស្ស និងគណៈគ្រប់គ្រងសាលាបឋមសិក្សា​ គគីរ ចំនួន ៥នាក់ស្លាប់ និង ៣នាក់រងរបួសធ្ងន់-សា្រល នៅពេលធ្វើដំណើរទៅ-មកសាលារៀន។ ក្នុងនោះក៏មានករណីគ្រោះថ្នាក់ចំនួន​១ករណី កើតឡើងលើអតីតនាយកសាលាកាលពីឆាំ្ន២០០៩ បណ្តាលឲ្យលោកទទួលមរណៈភាព។ លោកស្រីបានបន្ថែមទៀតថា​ អំណោយមួកសុវតិ្ថភាព និងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដែលសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ទទួលបានតាមរយៈកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារ ពិតជាមានសារៈសំខាន់ក្រៃលែង ជាពិសេសសម្រាប់ការពារការរងរបួសក្បាលធ្ងន់ធ្ងរ និងការសា្លប់នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។

​យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១ បង្ហាញថា ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១៩០៥នាក់ មានជនរងគ្រោះជាអ្នកជិះម៉ូតូសរុបចំនួន ៦៦% ហើយ ៦៩%នៃពួកគេទទួលរងការប៉ះទង្គិចក្បាល។ មានតែ២៩%ប៉ុណ្ណោះនៃជនរងគ្រោះដែលជាអ្នកបើកបរបានពាក់មួកសុវត្ថិភាព និង ៦% នៃអ្នករួមដំណើរបានពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។​ របាយការណ៍ដដែលបង្ហាញថា អត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកបើកបរម៉ូតូនៅខេត្តកណ្តាលនៅពេលថ្ងៃមានត្រឹម ៦៧% ចំណែកការពាក់មួកសុវត្ថិភាពក្នុងចំណោម​អ្នករួមដំណើរ គិតទាំងកុមារមានត្រឹម ១១% ប៉ុណ្ណោះ។​ តាមការសិក្សាស្រាវជ្រាវជាអន្តរជាតិបានបង្ហាញថាការពាក់មួកសុវត្ថិភាពដែលមានគុណភាព និងបានត្រឹមត្រូវ អាចកាត់បន្ថយអត្រា​ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ៤២% និងការរងរបួស​ក្បាលធ្ងន់ធ្ងរដល់ទៅ ៦៩%។

 មានមតិសំណេះសំណាលក្នុងពិធីនោះ លោក ពៅ ម៉ាលី​ ជំនួសមុខឲ្យគណៈ​កម្មា​ធិ​ការ​​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​ផ្លូវ​គោក​ បានថ្លែងនូវការកោតសរសើរចំពោះអង្គការមូលនិធិបង្ការរបួស អាស៊ី ដែល​បាន​​យក​អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការចូលរួមគាំទ្រសកម្ម ភាពការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកនៅកម្ពុជា ជា​ពិសេស​បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការពាក់មួកសុវត្ថិ​ភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត រហូតទទួលបានលទ្ធផល​ល្អ​ប្រសើរ​នាពេលបច្ចុប្បន្ននេះ។ លោក ពៅ ម៉ាលីបានថែ្លងសង្កត់ធ្ងន់ថា ប្រសិនបើ​ប្រជាជន​យើង​ជាអ្នកប្រើប្រាស់ម៉ូតូបានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ពេលនោះចំនួនអ្នកស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នឹងថយចុះមិនខាន ព្រោះបទពិសោធន៍​ នៅប្រទេស​វៀតណាមបង្ហាញថា នៅពេលអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរបាន​ពាក់​មួក​សុវត្ថិ​ភា​ព ១០០% ទាំងថ្ងៃ​ទាំងយប់ ​មួយឆ្នាំកន្លង​មកគេសង្កេត​ឃើញ​ថា អត្រាស្លាប់​ក្នុង​យានយន្ត ១០.០០០​គ្រឿង បាន​ថយ​ចុះ ១២% ។

 គួរបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៣កន្លងទៅ អង្គការមូលនិធិបង្ការរបួស អាស៊ី សហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធបានប្រារព្ធពិធីប្រកាសផ្តើមអនុវត្តកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារ ដែលឧបត្ថម្ភគាំទ្រដោយមូល​និធិក្រុមហ៊ុន យូភីអេស ហើយដែលតាមរយៈកម្មវិធីនេះ មួកសុវត្ថិភាពចំនួន ២,៨៨៧មួក ត្រូវផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាចំនួន៣​ដែលស្ថិតនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។