ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបាន​ឧបត្ថម្ហ​ថវិកា តាមរយៈជំនួយ​មូលនិធិប៊្លូមប៊ឺគភីលែនត្រូភី (Bloomberg Philanthropies)និង​កិច្ចសហការរបស់ក្រសួងព័ត៌មាន ដើម្បីរៀប​ចំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មាន​ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ដ៏មានសារៈ​សំខាន់នេះឡើង​​ ក្នុងគោលបំណងបង្កើន​ការ​សរសេរអត្ថបទអំពីច្បាប់ចរាចរណ៍ជា​ពិសេស​ទាក់ទងទៅនិងការមិនពាក់មួក​សុវត្ថិភាព​ ការ​បើកបរបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និង ការបើកបរលើស​ល្បឿនកំណត់ ជាដើម។ល។
នៅក្នុងឱកាសដ៏គួរឲ្យចាប់អារម្មណ៍នេះ​ ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ ខ្ញុំសូមស្វាគមន៍ចំពោះ​​​វត្តមានរបស់​ឯកឧត្ដ​ម លោក លោកស្រី ​ព្រមទាំងអ្នក​សារព័ត៌​មានជាតិ​ និងអន្តរជាតិ ​ដែល​បានអញ្ជើញ​ចូល​រួមក្នុងឱកាសនេះ ។ វត្តមាននេះ បានធ្វើឲ្យយើងខ្ញុំមានក្តីរំភើប និងជាកត្តា​ជម្រុញទឹក​ចិត្ត​ឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាន់​តែមានកម្លាំងចិត្ត​អនុវត្តការ​ងារ​ទ្វេ​ឡើង។

ឯកឧត្តម លោកជំទាវ លោក លោកស្រី​និងអង្គសិក្ខាសាលាទំាងមូលជាទីមេត្រី!

គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាប្រធានបទដ៏ក្តៅគគក់ ចំពោះប្រទេសកម្ពុជាយើងនា​ពេលបច្ចុប្បន្ននេះ ហើយដែលត្រូវបានបណ្តាញសារព័ត៌មានផ្សព្វផ្សាយនៅលើទំព័រមុខ​ជារៀង​រាល់ថ្ងៃ។ ជាក់ស្ដែងយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១១​ របស់ប្រព័ន្ធព័ត៌មាន​ជន​រងគ្រោះ និង​គ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវ​គោកនៅកម្ពុជា បានឲ្យដឹងថា​ មានជនរងគ្រោះ​សរុប​​ដល់​ទៅ​ចំនួន​១៦.៦៥៤នាក់ ដែលក្នុងនោះ​បាត់​បង់ជីវិតដល់ទៅ ១.៩០៥នាក់​ និងរង​របួសធ្ងន់​ចំនួន ៥.៨០៧នាក់ គិតជាមធ្យមចំនួនអ្នកស្លាប់ជាង ៥នាក់ និងរបួសធ្ងន់ ១៦នាក់ ក្នុងមួយថ្ងៃ ។ ​​​គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យប្រទេ​ស​កម្ពុជាខាតបង់សេដ្ឋកិច្ចជាតិរហូត​ដល់ទៅ ៣១០លាន​ដុល្លា​សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១១។​ ការខាតបង់នេះ គឺជា​ចំនួនដ៏ធំធេង​ហួសពីការស្មាន​ដែល​យើង​​បានខាតបង់ ក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនយើង កំពុង​តែតស៊ូ​រើបម្រះដើម្បីកាត់បន្ថ​ភាព​ក្រីក្រ។​ ប៉ុន្តែ ជាការគួរឲ្យសោកស្តាយ​ដោយសារទឹក​ប្រាក់ជាង ៣០០លានដុល្លា បាន​ត្រូវ​ខាតបង់ទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន ។​
បន្ថែមលើនេះ ​យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចំាឆ្នាំ​២០១១​​ដដែល ឃើញថា ៩៥%នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ដែល​បានកើត​ឡើង គឺបង្កដោយ​កត្តា​មនុស្ស ហើយការបើកបរ​ក្រោម​ឥទ្ធពលគ្រឿង​ស្រវឹង គឺជាកត្តាគ្រោះ​ថ្នាក់​​ចំបងទីពីរ​(បន្ទាប់ពីការ​បើកបរហួសល្បឿនកំណត់) ដែលបង្ករឲ្យ​មានការស្លាប់រហូត​ដល់១៤%។ ប្រមាណ៦៦%​នៃអ្នកស្លាប់ដោយសារការ​បើកបរក្រោម​ឥទ្ធពលគ្រឿង​ស្រវឹង​មាន​​អាយុពី១៥-៣៤ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍បណ្តាល​មក​ពី​ការបើកបរ​ក្រោមឥទ្ធពលគ្រឿង​ស្រវឹងបណ្តាលឲ្យ​ខាត​បង់​សេដ្ឋកិច្ចជាតិប្រមាណ៤៤លានដុល្លា​អាមេរិក។

ឯកឧត្តម លោកជំទាវ លោក លោកស្រី​ និងអង្គសិក្ខាសាលា​ទំាងមូលជាទីមេត្រី!

តាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ ការរងរបួស និងការស្លាប់ទំាងនេះ គឺអាចការពារបាន តាមរយៈការធ្វើអន្តរាគមន៍ដ៏មាន​ប្រសិទ្ធិភាព​ដោយធ្វើការរឹតបន្តឹងច្បាប់ ទៅលើការបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង ការ​ទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនូវគ្រប់រូបភាពទំាងអស់ ការបើកបរលើស ល្បឿន​កំណត់​ ការបើកបរមិនពាក់មួកសុវត្ថិភាពចំពោះអ្នកធ្វើដំណើរតាមទោចក្រយានយន្ត ត្រីចក្រយានយន្ត ការពាក់ខ្សែ​ក្រវ៉ាត់ពេលបើកបរ ឬធ្វើដំណើរតាមរថយន្ត ជាដើម។ល។ បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹក​ជញ្ជូន និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការ​រួមគ្នាបានរៀបចំនូវ​សេចក្តីព្រាងច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោកថ្មី ដែលបច្ចុប្បន្ននេះ ត្រូវបាន​ពិនិត្យឡើងវិញដោយ​ក្រុមប្រឹក្សាអ្នកច្បាប់ ហើយ​នឹងត្រូវដាក់ជូនក្រុមប្រឹក្សារដ្ឋមន្រ្តី ដើម្បី​ធ្វើការពិនិត្យសម្រេចបន្ត។ ehIyតាមរយៈ​សេចក្តី​ព្រាង​ច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក​ថ្មីនេះ និងការបន្តយន្តការពង្រឹងការ​អនុវត្តន៍​ច្បាប់ ខ្ញុំមានសុទិដ្ឋិនិយមថា នឹងប្រែក្លាយ ឥរិយាបថ​អ្នកបើកបរឲ្យគោរពច្បាប់ ធានា​បាន​ចរាចរណ៍​មានសុវត្ថិភាព សណ្តាប់ ធ្នាប់ និងទប់ស្កាត់​ការប៉ះពាល់សុខភាព អាយុជីវិត​មនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ល។ មានន័យថា “​ប្រែក្លាយ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ទៅជា​ប្រទេស​មួយ មាន​សុវត្ថិភាពចរាចរណ៍ដ៏​គួរ​ឲ្យកក់ក្តៅ
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា បណ្តាញសារព័ត៌មាន បានដើរតួនាទីដ៏ សំខាន់​ ក្នុង​ការផ្សព្វផ្សាយព័ត៌មានគ្រប់រូបភាពជូនប្រជាជន ដូច្នេះឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខ្ញុំសូមអំពាវនាវជាពិសេស ដល់អ្នកសារព័ត៌មានទាំងអស់​សូមមេត្តាបង្កើនការសរសេរអត្ថបទប្រកបដោយគុណភាព​និងមានការវិភាគស៊ីជំរៅ​ អំពីសុវត្ថិភាពចរាចរណ៍រួមមាន ប្រភពព័ត៌មានដ៏ច្បាស់លាស់​ទំហំនៃគ្រោះថ្នាក់ចរាចរណ៏ ផលប៉ះពាល់​សេដ្ឋកិច្ច​សង្គម សុខភាពសាធារណៈ ក៏ដូចគ្នា​និង​ ​​បច្ចុប្បន្នភាពនៃការធ្វើវិសាធនកម្មច្បាប់​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោកថ្មី​ដែលបាននិងកំពុង​ដាក់ជូនក្រុមប្រឹក្សារដ្ឋមន្រ្តីពិនិត្យសំរេច។​ ខ្ញុំសង្ឃឹមថាអត្ថបទសារព័ត៌មាន រួមទាំងការ​ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៏ និងចូលរួមចំណែកបង្កើនការយល់ដឹងរបស់​សាធារណជន អំពីសុវត្ថិភាពចរាចរណ៍ និង​ការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះ​ ការចូលរួមរបស់ ឯកឧត្តម លោក ​លោកស្រី និងអ្នកសារព័ត៌មានទាំងអស់ ហើយក៏​សូម​ស្នើឲ្យអ្នកសារព័ត៌មានជួយពាំនាំ​នូវ​ខ្លឹមសារ​ព័ត៌មានដែលបានលើកឡើងនាព្រឹកនេះ​ ទៅ​ផ្សព្វផ្សាយដើម្បីឲ្យ​ប្រជាជនយើង​បាន​ដឹង​ ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងឡាយ​បាន​ដឹង និងអាចចូល​រួម​​កាត់​បន្ថយ​គ្រោះថ្នាក់​ពីលើ​ដងផ្លូវ ដូចប្រសាសន៍ របស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍​ថា ពីថ្ងៃនេះ និង​ថ្ងៃស្អែកគឺគ្មានគ្រោះថ្នាក់ចរាចរណ៍ ​។

 

សូមអរគុណ