ថ្ងៃទី0១ ​ខែសីហា ​ឆ្នាំ២០១៣

គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក នៅតែជាសោកនាដកម្មដល់ប្រជាពល រដ្ឋកម្ពុជា ​ដែល​រាជ​រដ្ឋា​ភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល​​បានចាត់ទុកថាជា​បញ្ហាចម្បងដែល ត្រូវដោះ​ស្រាយ​ជាបន្ទាន់នាពេល​បច្ចុប្បន្ន។

គ្រោះថ្នាក់ចរាចរណ៍ បានធ្វើ​ឱ្យបាត់បង់អ្នកដែលជាទីស្រឡាញ់ និងបន្សល់ទុកនូវចំនួន​អ្នករបួស ជន​ពិការ កុមារកំព្រា ស្រ្តីមេ​ម៉ាយ ទុរគតជន និងធ្វើឲ្យក្រុមគ្រួសារមួយចំនួនធ្លាក់ក្នុងភាពក្រីក្រ។ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ​នៃប្រព័ន្ធ​ព័ត៌​មាន​​​ជនរង​គ្រោះ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្លូវគោក(ប.ជ.គ.ផ) នៃ គណៈកម្មាធិការជាតិ​សុវត្ថិភាព​​​ចរាចណ៍​ផ្លូវ​គោក ​​​ដែលមានកិច្ច​សហការពីក្រសួង​មហាផ្ទៃ​ ក្រសួងសុខា​ភិបាល ក្រសួង​សាធារ​ណការ និង​ដឹកជញ្ជូន​ និងក្រោមជំនួយបច្ចេកទេសពី​អង្គការជន​ពិការ​​អន្តរ​ជាតិ(HI) បានបង្ហាញថា ជាមធ្យមក្នុងមួយថ្ងៃ មានមនុស្ស​ស្លាប់ច្រើនជាង៥នាក់ និងរងរបួសធ្ងន់១៥នាក់ ដោយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក​នៅ​​លើដងផ្លូវ នៃ​ប្រទេសកម្ពុជា។

 

​ក្នុងឆ្នាំ២០១២កន្លង​ទៅ​នេះ​ មានជនរងគ្រោះ​ចំនួន១៥.៦១៥​នាក់​​បានទទួល​រងគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោក។ ក្នុងចំណោមជនរងគ្រោះទាំងនោះ​មាន​អ្នកស្លាប់ចំនួន១.៩៦៦នាក់ ​ និងអ្នករងរបួសធ្ងន់ មានចំនួន ៥.៣៤៩នាក់​។ បើធ្វើការប្រៀប​ធៀបទៅនឹង​ឆ្នាំ២០១១ ​ចំនួន​ជនរង​គ្រោះមានការ​ថយចុះចំនួន៦% ក៍ប៉ុន្តែ​ចំនួន​អ្នក​បាត់បង់ជីវិតនៅតែបន្ត​កើនឡើងចំនួន៣%។​ ក្នុងរយៈពេល៨ឆ្នាំ(២០០៥-២០១២) ចំនួនអ្នកស្លាប់កើន​ឡើង​ទ្វេដង​ ទន្ទឹមពេល​ដែល​​​​កំណើន​ប្រជា​ពល​រដ្ឋ​​​​​​​​​​មាន១១% និង​កំណើន​យានយន្ត​មាន២៧៨%​ (ដែលជាង​៨0%​​នៃ​យាន​យន្តគឺជា​ទោចក្រយានយន្ត​​ និងត្រីច​ក្រយានយន្ត)។

 

របាយការណ៍នេះបានបង្ហាញ​ទៀតថា អ្នកដែលងាយរងគ្រោះជាងគេ​នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវ​គោក​គឺជាអ្នកប្រើប្រាស់ម៉ូតូដែលមានចំនួន៦៨% នៃអ្នកស្លាប់សរុប​ (ក្នុងចំណោមអ្នក​ស្លាប់​ដែលប្រើប្រាស់​ម៉ូតូ​ទាំង​នោះមានចំ​នួន៦៦% បានទទួលរងរបួសក្បាល)។ ថ្មើរជើង​គឺ​ជាអ្នកងាយរងគ្រោះបន្ទាប់មានចំនួន​១១%​ នៃអ្នក​ស្លាប់​សរុប។​ អ្នកស្លាប់ដែលមានអាយុពី១៥ឆ្នាំ​ដល់២៩ឆ្នាំមានចំនួន៥០% នៃអ្នកស្លាប់សរុប។

ចំនួនជាង៩០%នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីកំហុស​របស់មនុស្ស ដែល​មានជាអាទិ៍ ការបើកបរហួសល្បឿនកំណត់(៥២%) ​ ​​​​បើកបរក្រោមឥទ្ធិពលនៃជាតិ​ស្រវឹង​​(១៣%)​ ការមិន​គោរពសិទ្ធិអាទិភាព(៩%) និងការជែងដោយមិនប្រុងប្រយ័ត្ន(៩%)។ល។

គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកក្នុងឆ្នាំ២០១២ ត្រូវបានប៉ាន់ប្រមាណថា បានបណ្ដាល​ឲ្យ​ប្រទេសកម្ពុជា​រងការ​ខាត​បង់ផ្នែកសេដ្ឋកិច្ច​រហូតដល់ទៅចំនួន៣២៩លានដុល្លារ ​គឺ​មានប្រមាណជិត៣%​នៃទិន្នផលជាតិ​សរុប​ក្នុងស្រុក(GDP)​​

 

ទំនាក់ទំនង 

សម្រាប់ព័ត៌មានបន្ថែម​អំពីប្រព័ន្ធព័ត៌មានជនរង​គ្រោះនិងគ្រោះ​ថ្នាក់​​ចរាចរណ៍ សូមទាក់ទងៈ

លោក​ គីម យីដេត អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក 

ទូរស័ព្ទ​លេខ ​០១២ ៩៣៤ ៥៣៤ ​ឬអ៊ីម៉ែលៈ yideth1956 at gmail.com